Tuesday, April 11, 2017

សម្រស់ធម្មជាតិអច្ឆរិយទាំងប្រាំពីរលើលោក

ប្រសិនបើយើងនិយាយអំពីស្នាដៃនៃសំណង់អច្ឆរិយទាំងប្រាំពីរដែលត្រូវបាន
កំណត់ដោយមនុស្សជាតិនោះយើងក៏ត្រូវគិតអំពីអច្ឆរិយដែលកើតចេញពី
ធម្មជាតិផងដែរ មាតានៃធម្មជាតិបានបង្កើតនូវអច្ឆរិយដ៏អស្ចារ្យជាច្រើនជាង
អ្វីដែលមនុស្ស បានបង្កើតទៅទៀត។ នៅក្នុងឆ្នាំ១៩៩៧ ស្ថានីយ៍ទូរទស្សន៍  
CNN និងកម្មវិធី Seven Natural Wonders បានរៀបចំឲ្យមានការ
បោះឆ្នោតជាសកលដើម្បីជ្រើសរើស តំបន់ដែលជាអច្ឆរិយនៃសម្រស់
ធម្មជាតិទាំងប្រាំពីរលើលោក ដែលត្រូវបានយកចេញពីទ្វីបទាំងប្រាំពីរ
ដែលរួមបញ្ចូលទាំងកំពូលភ្នំខ្ពស់ៗ មហាសមុទ្រដ៏សែនជ្រៅ ទេសភាព 
បាតសមុទ្រ ព្រៃព្រឹក្សា ជ្រលងដងអូ និងកន្លែងទេសចរណ៍ជាច្រើនទៀត
ដែលមនុស្សជាតិឲ្យតម្លៃ។ ខាងក្រោមនេះជាតំបន់អច្ឆរិយនៃធម្មជាតិដែល
ត្រូវបានជ្រើសរើស និងសន្មត់ថាមានសម្រស់ស្រស់ស្អាត និងល្អប្លែកដាច់
គេលើផែនដី៖
  1. តំបន់ប្រជុំភ្នំ The Grand Canyon



តំបន់ភ្នំនេះស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិច។ ជាមួយបណ្តោយ២៧៧ម៉ៃល៍ 
ទទឹង១៨ម៉ៃល៍ និងជំរៅ១ម៉ៃល៍ Grand Canyon ត្រូវបានចាត់ទុកថាជាតំបន់ភ្នំ 
ដែលមានទេសភាពស្រស់ស្អាតពិតៗដែលគួបផ្សំជាមួយនឹងទឹកទន្លេ 
 Colorado ដែលមិនចេះរីងស្ងួត។ អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវឃើញថា
ទន្លេ Colorado បានបង្កើតឲ្យ មានជ្រលងដ៏សែនជ្រៅ នេះតាំងពី១៧លាន
ឆ្នាំមុនមកម្លេះ និងបានបង្កើតឲ្យមានជ្រលង និងតំបន់ប្រវត្តិសាស្រ្តធម្មជាតិ
ដ៏មានតម្លៃមួយនេះ។ ជាងពីរទសវត្សមកនេះ  The Grand Canyon  
បានក្លាយទៅជារម្យ នីយដ្ឋានទេសចរណ៍ធម្មជាតិសម្រាប់អ្នកផ្សងព្រេង
ឡើងភ្នំ និងថតរូបភាពប្លែកៗ។
  1.  ភ្នំភ្លើង Parícutin



តំបន់ភ្នំមួយនេះស្ថិតនៅ Michoacán នៃប្រទេសម៉ិចស៊ីកូ។ អ្នកស្រាវជ្រាវ
បានរកឃើញថាភ្នំភ្លើងមួយនេះបានផ្ទុះឡើងដំបូងនៅឆ្នាំ១៩៤០ និង
បញ្ចប់ការចេញកំអែភ្នំភ្លើងនៅឆ្នាំ១៩៥២ ដែលមានកំពស់ដល់ទៅ
១,៣៩១ហ្វីត(៤២៤ម)។ ភ្នំភ្លើងងាប់មួយនេះត្រូវបានក្លាយជាទីចាប់ អារម្មណ៍សម្រាប់ទេសចរណ៍ដោយសារតែរូបរាងស្រស់ស្អាត និង
ជាទីស្រាវជ្រាវពីភ្នំភ្លើងផងដែរ។
  1. ពន្លឺភាគខាងជើង Aurora



ពន្លឺចំរុះពណ៌ព្រិលៗនេះត្រូវបានដាក់ឈ្មោះថាពន្លឺនៃភាគខាងជើង រឺភាគខាង
ត្បូង Northern (or Southern) Lights ដែលកើតនៅប៉ូលទាំងពីរនៃ
ផែនដីរឺហៅថា Aurora។ ធម្មជាតិបានបង្កើតភាពអស្ចារ្យនៅលើផែនដី
ជាច្រើន ពន្លឺ Aurora គឺជាសញ្ញាណនៃធម្មជាតិដ៏ទាក់ទាញនៅលើ ផ្ទៃមេឃជាមួយនឹងភាពចំរុះពណ៌ដែលធ្វើឲ្យផ្ទៃមេឃមើលទៅដូចជា
ផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយនាពេលរាត្រី។
  1. ទឹកធ្លាក់ Victoria Falls




ទឹកធ្លាក់វិចតូរីយ៉ា Victoria Falls ស្ថិតនៅដងទន្លេ Zambezi ព្រុំដែនរវាង
ប្រទេស Zambia និងZimbabwe ដែលមានកំពស់១០៨ម និងជាទឹកធ្លាក់
ធំជាងគេក្នុងលោក។ ទឹកធ្លាក់ Victoria Falls ត្រូវបានដាក់ឈ្មោះតាំងពី
ឆ្នាំ១៨៥៥ តាមឈ្មោះ ម្ចាស់ក្សត្រីវិចតូរីយ៉ានៃចក្រភពអង់គ្លេសដែល កន្លែងនេះត្រូវបានរកឃើញដោយលោក David Livingstone ជនជាតិ
ស្កូតឡេន កំឡុងពេលដែលោកធ្វើដំណើរ ផ្សងព្រេងក្នុងទ្វីបអាហ្វ្រិច។ ទឹកធ្លាក់ដ៏ល្បីឈ្មោះនេះក៏ត្រូវបានអ្នកទេសចរណ៍ ស្គាល់ថាជាកន្លែង
គ្រោះថ្នាក់បំផុត សម្រាប់ការមកលេងផងដែល ដោយសារទឹក ធ្លាក់
ដ៏សែនខ្ពស់ធំល្វឹងល្វើយ នឹងមានទឹកបាចសាចគ្រប់ទីកន្លែង និង
ដាច់ឆ្ងាយ ពីកន្លែងរស់នៅរបស់ប្រជាជនផងដែរ។ អ្នកទេសចរណ៍
ភាគច្រើនអាចទៅលេង ទឹក និងថតទេសភាពល្អប្លែកបានក្នុងកំឡុង
ខែកញ្ញា ដល់ខែធ្នូ និងអាចហែល ទឹកលេងនៅកន្លែងមួយ
ដែលហៅថា'Devil's Pool'
  1. តំបន់ឆ្នេរ Harbour of Rio de Janeiro



ឆ្នេរសមុទ្រ Guanabara Bay មានប្រវែង១៩ម៉ែល៍ និងមានប្រជុំកោះ
ប្រមាណជាង១០០ ស្ថិតនៅភាគខាងកើតនៃទីក្រុង Rio de Janeiro 
ដែលជាទីក្រុងធំទី២នៃប្រទេសប្រេស៊ីល។ តំបន់នេះត្រូវបានទទួល
ស្គាល់ថាជាឆ្នេរសមុទ្រអេកូស៊ីស្ទែមដ៏សំបូរបែប និងទស្សនីយភាព ដ៏ស្រស់ស្អាតនៃធម្មជាតិដោយបាន ទាក់ទាញភ្ញៀវទេសចរណ៍ជា ច្រើនលាននាក់ព្រោះតែភាពស្រស់ស្អាតនៃប្រជុំកោះ ឆ្នេរខ្សាច់
សក្បោះ និងរូបសំណាក់ព្រះយេស៊ូគ្រឹស្គដ៏ធំ។ តំបន់ឆ្នេរ  Harbour 
of Rio de Janeiro ត្រូវបានជ្រើសរើសជាកន្លែងសម្រាប់ការរៀបចំ
កម្មវិធីអូឡាំពិចហ្គេមរដូវ ក្តៅឆ្នាំ២០១៦   
2016 Summer Olympic Games ផងដែរសម្រាប់ប្រទេសប្រេស៊ីល។  
  1. តំបន់កោះផ្កាថ្ម Great Barrier Reef



តំបន់ Great Barrier Reef នៃប្រទេសអូស្រា្តលី ត្រូវបានស្គាល់ថាជា
តំបន់មើលផ្កាថ្មប្រមាណជា៣០០០កន្លែង នៅតាមប្រជុំកោះជាង
១០០០ ដែលលាតសន្ធឹង២២៥៣គម ក្នុងសមុទ្រអូស្ត្រាលី។ 
 Great Barrier Reef គឺជាតំបន់អេកូលូស៊ីដ៏សំបូរបែប ដោយរាប់
តាំងពីមច្ឆាជាតិ និងវ៉ារីជាតិរាប់លានប្រភេទដែលពិភពលោក បានឲ្យតំលៃថាជាអត្តសញ្ញាណនៃប្រទេសអូស្ត្រាលី។ តំបន់នេះ
ត្រូវបាន អ្នកវិទ្យាសាស្រ្តចាប់អារម្មណ៍ជាខ្លាំងថាជាតំបន់ទេស
ចរណ៍ធម្មជាតិ បាតសមុទ្រដ៏ទាក់ទាញបំផុតក្នុងលោក ជាតំបន់
មានជីវិត រស់នៅក្នុងទឹកសមុទ្រគ្រប់ប្រភេទ នឹងស្នើឲ្យពិភពលោក ថែរក្សាការពារចាប់តាំងពីឆ្នាំ១៩៧៥មកម្លេះ។

  1. ភ្នំ Mount Everest


ភ្នំអ៊ីវឺរ៉េស Mount Everest ត្រូវបានទទួលស្គាល់ថាជាចំនុចខ្ពស់ជាងគេ
នៃផែនដីដែលស្ថិតនៅតំបន់ Sagarmāthā ក្នុងប្រទេសនេប៉ាល់ និង
តំបន់ Chomolungma  ក្នុងរដ្ឋទីបេ Tibet ដែលមានកំពស់ដល់ទៅ  
29,029 ហ្វីត (ប្រហែល8.85ម)។ កំណត់ត្រាដំបូងសម្រាប់អ្នកដែល
បានឡើងដល់កំពូលភ្នំ Everest គឺបុរសសញ្ជាតិអង់គ្លេស កាលពីឆ្នាំ
១៩២០ និងបីទសវត្សមកទៀតទើបមានមនុស្សពីរនាក់ទៀតដែលជា ជនជាតិញ៉ូសឺឡេនបានឡើងដល់កំពូលភ្នំមួយនេះនៅឆ្នាំ១៩៥៣។ បច្ចុប្បន្នការឡើងទៅដល់កំពូលភ្នំ Everest គឺជាក្តីប្រាថ្នារបស់អ្នកចូល
ចិត្តផ្សងព្រេង ជាច្រើនសូម្បីតែជនជាតិខ្មែរយើងដើម្បីយកទង់ជាតិ
តំណាងប្រទេសទៅដោតលើកំពូលភ្នំទឹកកកដ៏ខ្ពស់ដាច់គេមួយនេះ ប៉ុន្តែជាមួយនឹងអាកាសធាតុត្រជាក់ដល់ឆ្អឹង កំពស់ដល់ទៅជាង៨
គីឡូម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងសំពាធទាបនៃខ្យល់អ៊ុកស៊ីសែន គឺជាឧបសគ្គដើម្បីសម្រេចក្តីស្រមៃឡើងឲ្យដល់កំពូលភ្នំដែលខ្ពស់
ជាងគេលើផែនដីនេះ។
Source: http://www.worldatlas.com/articles/the-seven-natural-wonders-of-the-world.html


Thursday, April 6, 2017

ទីក្រុងបុរាណអាយុជាង១១ពាន់ឆ្នាំ អាត់ឡង់ទីស Atlantis ត្រូវបានលិចក្នុងមហាសមុទ្រ?




លោក សូលូន Solon (638 BC–558 BC) គឺជារដ្ឋបុរស ជាអ្នកបង្កើតច្បាប់ និងជាអ្នកនិពន្ធ កំណាព្យនៃទីក្រុងអាតែន(ហ្គ្រិច)ដ៏ល្បីល្បាញ ធ្លាប់បានស្តាប់លឺដោយចៃដន្យអំពីដំណើរ រឿងនៃទីក្រុងអាត់ឡង់ទីស Atlantis ពីអ្នកកាន់សាសនាជនជាតិអេហ្សីព ដែលធ្លាប់បានទៅ ដល់ទៅក្រុងអាត់ឡង់ទីស Atlantis និងបាននិយាយពីប្រវត្តិនៃការបាត់បង់ទីក្រុងបុរាណ អស្ចារ្យមួយនេះដោយសារគ្រោះមហន្តរាយ។

 
ទីក្រុងអាត់ឡង់ទីសត្រូវបានពិពណ៏នាដំបូងដោយលោក ផ្លាតូ Plato ទស្សនៈវិទូ ជនជាតិហ្រ្គិច តាំងពីជាង២០០០ឆ្នាំមុនមកម្លេះ ដែលពេលនោះមនុស្សជាច្រើនគិតថាទីក្រុងនេះគ្រាន់តែ ជារឿងនិទានដែលលោក  Plato ប្រឌិតឡើងដើម្បីទាក់ទាញទៅនឹងទ្រឹស្តីនយោបាយរបស់ លោកប៉ុណ្ណោះ បើតាមការសន្និដ្ឋានរបស់លោក Plato ទីក្រុងអាត់ឡង់ទីសជាទីក្រុងបុរាណ សំខាន់មួយ ដែលមានភាពអារ្យធម៌ខ្ពង់ខ្ពស់បំផុតស្ថិតនៅតំបន់នៃមហាសមុទ្រអាឡង់ទិច និងត្រូវលេបបាត់ដោយសារមហាសមុទ្រមួយនេះត្រឹមតែមួយថ្ងៃ

បើយោងតាមដំណើររឿងប្រវត្តិសាស្រ្តដែលអ្នកបុរាណវិទ្យាជឿថាតាំងពី១១០០០ឆ្នាំមុនមាន
ប្រទេសដែនកោះមួយនៅចំកណ្តាលមហាសមុទ្រអាឡង់តិចដែលមានអំបូរប្រជាជនរស់នៅ
ប្រកបដោយអារ្យធម៏ខ្ពង់ខ្ពស់រីកចំរើន។ ប្រជាជនរស់នៅលើកោះនោះមានទ្រព្យសម្បតិ្តហូហៀ និងធនធានធម្មជាតិសំបូបែប មហាក្សត្រនៃអាត់ឡង់ទីសយកចិត្តទុកដាក់ជាមួយប្រជា ជនរបស់ខ្លួន និងមានទំនាក់ទំនងជាមួយតំបន់អ៊ឺរ៉ុប និងអាហ្វ្រិចផងដែរ។


នៅឆ្នាំ៩៦០០មុនគ.ស ទីក្រុងដីកោះមួយនេះបានធ្វើចំបាំងយកឈ្នះទឹកដីនៃភាគខាងលិច អ៊ឺរ៉ុប និងអាហ្វ្រិច និងបានចាប់ប្រជាជនតំបន់ទាំងនោះធ្វើជាឈ្លើយសិក។ ទីក្រុងចំណាស់មួយនេះ ប្រហែលជាចាប់កំណើតនាចុងនៃយុគសម័យទឹកកក (Ice Age) ដែលប្រហែលជាមានអាយុ ស្មើប្រទេសអារ៉ាកបច្ចុប្បន្ន។ អស់រយៈពេលជាច្រើនសតវត្ស អ្នកសិក្សាជាច្រើន មានបំណង រកឲ្យឃើញថាតើទីក្រុងអាត់ឡង់ទីស ដែលនិយាយតៗគ្នានោះពិតជាមានមែនរឺ យ៉ាងណា?


ទ្រឹស្តីដ៏ទំនងមួយដែលគួរឲ្យជឿរបស់លោក Plato បានរាយរ៉ាប់ពីអារ្យធម៏នៃជនជាតិរស់នៅ តំបន់ក្រិត Crete និងកោះក្បែរខាងអាត់ឡង់ទីស ឈ្មោះ សាន់តូរីនី Santorini ក៏ត្រូវបានលិច ចូលក្នុងសមុទ្រដោយសារបន្ទុះភ្នំភ្លើងកំឡុងឆ្នាំ១៦០០មុនគ.ស ដែលអាចសន្និដ្ឋានបានថា តំបន់ប្រជុំកោះទាំងនោះជាតំបន់ដែលបានរងគ្រោះមហន្តរាយនៃបន្ទុះភ្នំភ្លើង និងធ្វើឲ្យកោះ ទាំងនោះលិចចូលក្នុងមហាសមុទ្រ 

អ្នកបុរាណវិទ្យាមួយចំនួនទៀតគិតថាទីក្រុងអាត់ឡង់ទីសបានលិចលុងដោយសារគ្រោះទឹកជំនន់ នៃសមុទ្រខ្មៅកំឡុងឆ្នាំ៥០០០មុនគ.ស ដែលព្រត្តិការណ៍នេះត្រូវបានកត់ត្រាក្នុងគម្ពីរ Testament ដែលប្រាប់អំពីគ្រោះទឹកជំនន់នៅពេលនោះ។

 

តាមដំណាលរឿងព្រេងនៃការកកើតទីក្រុង Atlantis


អាត់ឡង់ទីសគឺជាតំបន់ត្រួតត្រាដោយអាទិទេពសមុទ្រ Poseidon (ព្រះនៃជនជាតិហ្គ្រិច)។ ពេលមួយ Poseidon បានលួចស្រឡាញ់ព្រះនាង Cleito គាត់បានបង្កើតប្រាសាទមួយនៅលើ កំពូលភ្នំចំកណ្តាលកោះនោះ និងបានបង្កើតរបងទឹកជារង្វង់ព័ទ្ធជុំវិញតំបន់នោះដើម្បីការពារ ព្រះនាង។ ព្រះនាង Cleito បានបង្កើតកូនប្រុសភ្លោះចំនួនប្រាំគូ (១០នាក់) សម្រាប់ Poseidon ដែលក្រោយមកកូនប្រុសទាំងនោះបានក្លាយជាអ្នកគ្រប់គ្រងអាត់ឡង់ទីស ដោយកូនច្បង ឈ្មោះ Atlas ធ្វើជាស្តេចទីមួយនៃទីក្រុងអាត់ឡង់ទីសដែលត្រូវត្រួតត្រាលើកំពូលភ្នំ និង តំបន់ ក្បែរៗនោះ។ នៅលើកំពូលភ្នំនៃកោះនោះមានប្រាសាទមួយដែលត្រូវសង់ឡើងដើម្បីគោរព ចំពោះ Poseidon ដែលមានរូបចំលាក់របស់ Poseidon ជិះលើខ្នងសេះមានស្លាបធ្វើអំពីមាស។ ប្រាសាទនោះគឺជាទីកន្លែងដែលអ្នកគ្រប់គ្រងអាត់ឡង់ទីស ពិភាក្សាអំពីច្បាប់ ការវិនិច្ឆ័យទោស និងរៀបចំដង្វាយជូនព្រះ Poseidon




តាមការនិទានទីក្រុងអាត់ឡង់ទីសលាតសន្ធឹងប្រមាណជា៥៣០គម ទទឹង១៩០គម ដោយ មានលក្ខណៈជារង្វង់ព័ទ្ធជុំវិញដោយព្រែកជីកត្រូវបានជីកដើម្បីយកទឹកពីទន្លេ និងប្រព័ន្ធទឹក ពីភ្នំ។ អាកាសធាតុបានអំណោយផលដល់ប្រជាជនអាចធ្វើការប្រមូលផលពីរដងក្នុង១ឆ្នាំ ដោយរដូវវស្សារប្រជាជនមានទឹកភ្លៀង និងរដូវប្រាំមានព្រែកជីកសម្រាប់ផ្គត់ផ្គង់ទឹកដល់វិ ស័យកសិកម្ម។ ក្រោយពីការធ្វើវិស័យកសិកម្ម ដែនកោះក៏បានផ្តល់នូវរុក្ខជាតិឪសថ ផ្លែឈើ និងធញ្ញជាតិ ហើយក៏មានសត្វព្រៃជាច្រើនផងដែរ។ អស់ជាច្រើនជំនាន់ដែលជនជាតិ អាត់ឡង់ទីសរស់នៅយ៉ាងសុខសាន្ត ប៉ុន្តែក្រោយមកជីវិតពួកគេក៏ចាប់ផ្តើមផ្លាស់ប្តូរដោយ បានចូលឈ្លានពានទីក្រុងអាតែន(ហ្គ្រិច) សង្គ្រាមនេះមិនទទួលជោគជ័យទេ តែបានបណ្តាល ឲ្យអាទិទេព Zeus (អាទិទេពធំជាងគេរបស់ហ្រ្គិច) ខឹងសំបារជាខ្លាំង និងបានដឹកនាំអាទិទេព ដទៃទៀត ដើម្បីកំទិចអាត់ឡង់ទីស ទីក្រុងដីកោះមួយនេះក៏បានលិចចូលមហាសមុទ្រក្នុង រយៈពេលត្រឹមតែមួយថ្ងៃមួយយប់ប៉ុណ្ណោះ។ បន្សល់តែការនិយាយដំណាលតៗគ្នាពីការចង ចាំតែប៉ុណ្ណោះ។ 


អ្នកស្រាវជ្រាវធ្លាប់បានរកឃើញបំណែកខ្លះៗដែលត្រូវបានជឿជាក់ថាវត្ថុបុរាណនៃទីក្រុង
អាត់ឡង់ទីសនៅក្នុងសមុទ្រនៃប្រទេសអេស្ប៉ាញ។ រហូតមកដល់បច្ចុប្បន្នទីក្រុងបុរាណមួយនេះ នៅតែស្ថិតក្នុងអាថ៍កំបាំង និងត្រូវបានយកមកនិពន្ធឡើងវិញសម្រាប់រឿងHollywood