Thursday, April 6, 2017

ទីក្រុងបុរាណអាយុជាង១១ពាន់ឆ្នាំ អាត់ឡង់ទីស Atlantis ត្រូវបានលិចក្នុងមហាសមុទ្រ?




លោក សូលូន Solon (638 BC–558 BC) គឺជារដ្ឋបុរស ជាអ្នកបង្កើតច្បាប់ និងជាអ្នកនិពន្ធ កំណាព្យនៃទីក្រុងអាតែន(ហ្គ្រិច)ដ៏ល្បីល្បាញ ធ្លាប់បានស្តាប់លឺដោយចៃដន្យអំពីដំណើរ រឿងនៃទីក្រុងអាត់ឡង់ទីស Atlantis ពីអ្នកកាន់សាសនាជនជាតិអេហ្សីព ដែលធ្លាប់បានទៅ ដល់ទៅក្រុងអាត់ឡង់ទីស Atlantis និងបាននិយាយពីប្រវត្តិនៃការបាត់បង់ទីក្រុងបុរាណ អស្ចារ្យមួយនេះដោយសារគ្រោះមហន្តរាយ។

 
ទីក្រុងអាត់ឡង់ទីសត្រូវបានពិពណ៏នាដំបូងដោយលោក ផ្លាតូ Plato ទស្សនៈវិទូ ជនជាតិហ្រ្គិច តាំងពីជាង២០០០ឆ្នាំមុនមកម្លេះ ដែលពេលនោះមនុស្សជាច្រើនគិតថាទីក្រុងនេះគ្រាន់តែ ជារឿងនិទានដែលលោក  Plato ប្រឌិតឡើងដើម្បីទាក់ទាញទៅនឹងទ្រឹស្តីនយោបាយរបស់ លោកប៉ុណ្ណោះ បើតាមការសន្និដ្ឋានរបស់លោក Plato ទីក្រុងអាត់ឡង់ទីសជាទីក្រុងបុរាណ សំខាន់មួយ ដែលមានភាពអារ្យធម៌ខ្ពង់ខ្ពស់បំផុតស្ថិតនៅតំបន់នៃមហាសមុទ្រអាឡង់ទិច និងត្រូវលេបបាត់ដោយសារមហាសមុទ្រមួយនេះត្រឹមតែមួយថ្ងៃ

បើយោងតាមដំណើររឿងប្រវត្តិសាស្រ្តដែលអ្នកបុរាណវិទ្យាជឿថាតាំងពី១១០០០ឆ្នាំមុនមាន
ប្រទេសដែនកោះមួយនៅចំកណ្តាលមហាសមុទ្រអាឡង់តិចដែលមានអំបូរប្រជាជនរស់នៅ
ប្រកបដោយអារ្យធម៏ខ្ពង់ខ្ពស់រីកចំរើន។ ប្រជាជនរស់នៅលើកោះនោះមានទ្រព្យសម្បតិ្តហូហៀ និងធនធានធម្មជាតិសំបូបែប មហាក្សត្រនៃអាត់ឡង់ទីសយកចិត្តទុកដាក់ជាមួយប្រជា ជនរបស់ខ្លួន និងមានទំនាក់ទំនងជាមួយតំបន់អ៊ឺរ៉ុប និងអាហ្វ្រិចផងដែរ។


នៅឆ្នាំ៩៦០០មុនគ.ស ទីក្រុងដីកោះមួយនេះបានធ្វើចំបាំងយកឈ្នះទឹកដីនៃភាគខាងលិច អ៊ឺរ៉ុប និងអាហ្វ្រិច និងបានចាប់ប្រជាជនតំបន់ទាំងនោះធ្វើជាឈ្លើយសិក។ ទីក្រុងចំណាស់មួយនេះ ប្រហែលជាចាប់កំណើតនាចុងនៃយុគសម័យទឹកកក (Ice Age) ដែលប្រហែលជាមានអាយុ ស្មើប្រទេសអារ៉ាកបច្ចុប្បន្ន។ អស់រយៈពេលជាច្រើនសតវត្ស អ្នកសិក្សាជាច្រើន មានបំណង រកឲ្យឃើញថាតើទីក្រុងអាត់ឡង់ទីស ដែលនិយាយតៗគ្នានោះពិតជាមានមែនរឺ យ៉ាងណា?


ទ្រឹស្តីដ៏ទំនងមួយដែលគួរឲ្យជឿរបស់លោក Plato បានរាយរ៉ាប់ពីអារ្យធម៏នៃជនជាតិរស់នៅ តំបន់ក្រិត Crete និងកោះក្បែរខាងអាត់ឡង់ទីស ឈ្មោះ សាន់តូរីនី Santorini ក៏ត្រូវបានលិច ចូលក្នុងសមុទ្រដោយសារបន្ទុះភ្នំភ្លើងកំឡុងឆ្នាំ១៦០០មុនគ.ស ដែលអាចសន្និដ្ឋានបានថា តំបន់ប្រជុំកោះទាំងនោះជាតំបន់ដែលបានរងគ្រោះមហន្តរាយនៃបន្ទុះភ្នំភ្លើង និងធ្វើឲ្យកោះ ទាំងនោះលិចចូលក្នុងមហាសមុទ្រ 

អ្នកបុរាណវិទ្យាមួយចំនួនទៀតគិតថាទីក្រុងអាត់ឡង់ទីសបានលិចលុងដោយសារគ្រោះទឹកជំនន់ នៃសមុទ្រខ្មៅកំឡុងឆ្នាំ៥០០០មុនគ.ស ដែលព្រត្តិការណ៍នេះត្រូវបានកត់ត្រាក្នុងគម្ពីរ Testament ដែលប្រាប់អំពីគ្រោះទឹកជំនន់នៅពេលនោះ។

 

តាមដំណាលរឿងព្រេងនៃការកកើតទីក្រុង Atlantis


អាត់ឡង់ទីសគឺជាតំបន់ត្រួតត្រាដោយអាទិទេពសមុទ្រ Poseidon (ព្រះនៃជនជាតិហ្គ្រិច)។ ពេលមួយ Poseidon បានលួចស្រឡាញ់ព្រះនាង Cleito គាត់បានបង្កើតប្រាសាទមួយនៅលើ កំពូលភ្នំចំកណ្តាលកោះនោះ និងបានបង្កើតរបងទឹកជារង្វង់ព័ទ្ធជុំវិញតំបន់នោះដើម្បីការពារ ព្រះនាង។ ព្រះនាង Cleito បានបង្កើតកូនប្រុសភ្លោះចំនួនប្រាំគូ (១០នាក់) សម្រាប់ Poseidon ដែលក្រោយមកកូនប្រុសទាំងនោះបានក្លាយជាអ្នកគ្រប់គ្រងអាត់ឡង់ទីស ដោយកូនច្បង ឈ្មោះ Atlas ធ្វើជាស្តេចទីមួយនៃទីក្រុងអាត់ឡង់ទីសដែលត្រូវត្រួតត្រាលើកំពូលភ្នំ និង តំបន់ ក្បែរៗនោះ។ នៅលើកំពូលភ្នំនៃកោះនោះមានប្រាសាទមួយដែលត្រូវសង់ឡើងដើម្បីគោរព ចំពោះ Poseidon ដែលមានរូបចំលាក់របស់ Poseidon ជិះលើខ្នងសេះមានស្លាបធ្វើអំពីមាស។ ប្រាសាទនោះគឺជាទីកន្លែងដែលអ្នកគ្រប់គ្រងអាត់ឡង់ទីស ពិភាក្សាអំពីច្បាប់ ការវិនិច្ឆ័យទោស និងរៀបចំដង្វាយជូនព្រះ Poseidon




តាមការនិទានទីក្រុងអាត់ឡង់ទីសលាតសន្ធឹងប្រមាណជា៥៣០គម ទទឹង១៩០គម ដោយ មានលក្ខណៈជារង្វង់ព័ទ្ធជុំវិញដោយព្រែកជីកត្រូវបានជីកដើម្បីយកទឹកពីទន្លេ និងប្រព័ន្ធទឹក ពីភ្នំ។ អាកាសធាតុបានអំណោយផលដល់ប្រជាជនអាចធ្វើការប្រមូលផលពីរដងក្នុង១ឆ្នាំ ដោយរដូវវស្សារប្រជាជនមានទឹកភ្លៀង និងរដូវប្រាំមានព្រែកជីកសម្រាប់ផ្គត់ផ្គង់ទឹកដល់វិ ស័យកសិកម្ម។ ក្រោយពីការធ្វើវិស័យកសិកម្ម ដែនកោះក៏បានផ្តល់នូវរុក្ខជាតិឪសថ ផ្លែឈើ និងធញ្ញជាតិ ហើយក៏មានសត្វព្រៃជាច្រើនផងដែរ។ អស់ជាច្រើនជំនាន់ដែលជនជាតិ អាត់ឡង់ទីសរស់នៅយ៉ាងសុខសាន្ត ប៉ុន្តែក្រោយមកជីវិតពួកគេក៏ចាប់ផ្តើមផ្លាស់ប្តូរដោយ បានចូលឈ្លានពានទីក្រុងអាតែន(ហ្គ្រិច) សង្គ្រាមនេះមិនទទួលជោគជ័យទេ តែបានបណ្តាល ឲ្យអាទិទេព Zeus (អាទិទេពធំជាងគេរបស់ហ្រ្គិច) ខឹងសំបារជាខ្លាំង និងបានដឹកនាំអាទិទេព ដទៃទៀត ដើម្បីកំទិចអាត់ឡង់ទីស ទីក្រុងដីកោះមួយនេះក៏បានលិចចូលមហាសមុទ្រក្នុង រយៈពេលត្រឹមតែមួយថ្ងៃមួយយប់ប៉ុណ្ណោះ។ បន្សល់តែការនិយាយដំណាលតៗគ្នាពីការចង ចាំតែប៉ុណ្ណោះ។ 


អ្នកស្រាវជ្រាវធ្លាប់បានរកឃើញបំណែកខ្លះៗដែលត្រូវបានជឿជាក់ថាវត្ថុបុរាណនៃទីក្រុង
អាត់ឡង់ទីសនៅក្នុងសមុទ្រនៃប្រទេសអេស្ប៉ាញ។ រហូតមកដល់បច្ចុប្បន្នទីក្រុងបុរាណមួយនេះ នៅតែស្ថិតក្នុងអាថ៍កំបាំង និងត្រូវបានយកមកនិពន្ធឡើងវិញសម្រាប់រឿងHollywood







No comments: