Saturday, December 5, 2015

ជីវប្រវត្តិវីរៈបុរសសង្គ្រោះកុមារកម្ពុជា



អស់រយៈពេលជាង២៣ឆ្នាំកន្លងមកនេះមន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលអ្នកជំងឺធម្មតាប្រមាណ១៣លាននាក់ និងអ្នកជំងឺធ្ងន់ធ្ងរដែលត្រូវការការសំរាកព្យាបាលប្រមាណ១,៥៦លាននាក់។ ជារៀងរាល់ឆ្នាំមន្ទីរ ពេទ្យគន្ធបុប្ផាទាំងអស់បានទទួលព្យាបាលជំងឺកុមារប្រមាណកន្លះលាននាក់ និងបានចំណាយ ថវិកាចាប់តាំងពីឆ្នាំ១៩៩១មកដល់បច្ចុប្បន្នប្រមាណ៣៧០លានដុល្លារអាមេរិច។ ជាមួយនឹងសមិទ្ធផលជាច្រើនដូចដែលប្រជាជនខ្មែរបានដឹងគឺកើតចេញពីការខិតខំប្រឹងប្រែងនិងបានចំណាយពេលអស់ ជិតមួយជីវិតក្នុងការស្វែងរកជំនួយរបស់លោកវេជ្ជបណ្ឌិត Beat Richner។ ដើម្បីជាការដឹងគុណ និងចងចាំរូបលោក ខ្ញុំសូមធ្វើការប្រែសម្រួលពីជីវប្រវត្តិដោយសង្ខេប   របស់លោកវេជ្ជបណ្ឌិត។

ជីវប្រវត្តិសង្ខេប

លោកវេជ្ជបណ្ឌិត Beat Richner កើតនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩៤៧ ប្រទេសស្វីស។ គាត់គឺជា វេជ្ជបណ្ឌិតឯកទេសព្យាបាលជំងឺកុមារ និងជាអ្នកលេងតន្រ្តីសេឡូ (Cello)។ នៅឆ្នាំ១៩៧៣ លោក វេជ្ជបណ្ឌិតបានទទួលសញ្ញាប័ត្រពេទ្យ​ឯកទេសជំងឺកុមារពីសាកលវិទ្យាល័យមន្ទីរពេទ្យ Zurich ប្រទេសស្វីស។ នៅឆ្នាំ១៩៧៤ គាត់ត្រូវបានបញ្ជូនមកកម្ពុជាតាមរយៈកាកបាទក្រហមស្វីស(Swiss Red Cross) ដើម្បីមកធ្វើការនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា(បង្កើតឆ្នាំ១៩៦២)។ បេសកកម្មរបស់គាត់ ត្រូវបានបញ្ចប់យ៉ាងជូរចត់នៅពេលដែលខ្មែរក្រហមបានចូលលុកលុយកម្ពុជាឆ្នាំ១៩៧៥។ លោក វេជ្ជបណ្ឌិត Beat Richner  ត្រូវបានបង្ខំឲ្យត្រលប់ទៅប្រទេសស្វីស និងបានធ្វើការនៅមន្ទីរពេទ្យ កុមារZurichវិញ។ លោកវេជ្ជបណ្ឌិតជាអ្នកចូលចិត្តដូរ្យតន្រ្តី និងមានជំនាញលេងតន្រ្តីសេឡូ(Cello) ដែលសមត្ថភាពរបស់គាត់ត្រូវបានទទួល ស្គាល់ជាអន្តរជាតិ។ គាត់បាននិពន្ធ និងបោះពុម្ភសៀវ ភៅជាច្រើនដែលបង្ហាញពីចំណង់ចំណូលចិត្តរបស់គាត់ទាក់ទងនឹងដូរ្យតន្រ្តី និងសៀវភៅរូបភាព សម្រាប់កុមារ។

ការកកើតមន្ទីរពេទ្យគន្ធបុប្ផាជាថ្មី

មន្ទីរពេទ្យគន្ធបុប្ផាទី១នៅខែធ្នូ ឆ្នាំ១៩៩១ លោកវេជ្ជ បណ្ឌិតBeat Richner ត្រូវបានអញ្ជើញពីរដ្ឋាភិបាលកម្ពុជា ដើម្បីត្រលប់មករៀបចំជួសជុល និងគ្រប់គ្រងមន្ទីរពេទ្យ គន្ធបុប្ផាជាថ្មីបន្ទាប់ពីមន្ទីរពេទ្យមួយនេះត្រូវបានបំផ្លាញ ដោយសង្គ្រាមនៅថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ១៩៩២ មន្ទីរពេទ្យ គន្ធបុប្ផាបានត្រលប់មកដំណើរការវិញ និងបានប្រតិបត្តិ ការផ្តល់សេវាសុខភាពជួយដល់កុមារកម្ពុជាជាច្រើន លាននាក់។ 
មន្ទីរពេទ្យគន្ធបុប្ផាទី២៖ នៅឆ្នាំ១៩៩៥ មន្ទីរពេទ្យគន្ធ បុប្ផាទី១បានទទួលអ្នកជំងឺលើសចំណុះរហូតដល់ទៅ ច្រើនជាង១០០០នាក់សម្រាប់អ្នកជំងឺទទួលថ្នាំព្យាបាល និង៣៥០នាក់សម្រាប់មើលថែក្នុងមន្ទីរពេទ្យជារៀងរាល់ថ្ងៃ។ អតីតព្រះមហាក្សត្រសម្តេច ព្រះនរោត្តមសីហនុបានព្រះរាជទានដីរបស់ព្រះបរមរាជវាំងសម្រាប់ការ  សាងសង់មន្ទីរពេទ្យថ្មី មួយទៀត​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៩៦ ដែលជាមន្ទីរពេទ្យកុមារទី២។   
មន្ទីរពេទ្យទី៣ ជ័យវរ្ម័នទី៧៖ នៅថ្ងៃទី៩ ខែមិនា ឆ្នាំ១៩៩៨ ក្រោយទទួលបានការឧបត្ថម្ភទីតាំង សាងសង់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យទី៣ ជ័យវរ្ម័ន ទី៧ ត្រូវបានសាងសង់នៅខេត្តសៀមរាបក្បែរប្រាសាទអង្គរវត្ត។ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ១៩៩៩ មន្ទីរពេទ្យមួយនេះបានបើកដំណើរការ។​ មន្ទីរពេទ្យមួយនេះក៏ដូចគ្នាទៅនឹងមន្ទីរពេទ្យ គន្ធបុប្ផាទី១ និងទី២ ដែរគឺរាល់ការព្យាបាលកុមារទាំងអស់មិនគិតលុយ។ មន្ទីរពេទ្យនេះបានបំពាក់ដោយ
ឧបករណ៍វេជ្ជសាស្រ្តទំនើប អគារធំទូលាយ និងមានលក្ខណៈជាស្តង់ដារអន្តរជាតិ។ ក្រោមការ ឧបត្ថម្ភទីតាំងដីបន្ថែមពីរដ្ឋាភិបាល និងការគាំទ្រពីសប្បុរសជន មន្ទីរពេទ្យមួយនេះបានទទួលបាន ការឧបត្ថម្ភជាច្រើន ហើយលោកវេជ្ជបណ្ឌិត Beat Richner បានសាងសង់បញ្ចប់នូវកន្លែងសម្ភព សម្រាប់ម្តាយដែលមានផ្ទុកមេរោគហ៊ីវ(អេដស៍)។ 
មន្ទីរពេទ្យគន្ធបុប្ផាទី៤៖ នៅឆ្នាំ២០០៤ មន្ទីរពេទ្យគន្ធបុប្ផាទី១នៅភ្នំពេញបានក្លាយទៅជាមន្ទីរពេទ្យ ដែលចង្អៀតទ្រុុតទ្រោម និងមិនមានផាសុកភាព បើមិនមានអគារថ្មីទេមន្ទីរពេទ្យគន្ធបុប្ផាទី១ នឹង មិនអាចដំណើរការបានល្អទេ។ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០០៤ បន្ទាប់ពីបានទិញដីមួយផ្នែកជាប់ វត្តភ្នំ សំណង់ថ្មីមួយបានសាងសង់នឹងបានដាក់ឈ្មោះថា មន្ទីរពេទ្យគន្ធបុប្ផាទី៤ ដែលបានដាក់ ឲ្យប្រើប្រាស់នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥។ មន្ទីរពេទ្យគន្ធបុប្ផាទី៤ និងមន្ទីរពេទ្យគន្ធបុប្ផាទី១ គឺជា មន្ទីរពេទ្យរួមគ្នា និងតែងមានទំនាក់ទំនងគ្នា ។

 







មន្ទីរពេទ្យគន្ធបុប្ផាទី៥៖ ក្រោយភ្លាមៗនៃការបង្កើតមន្ទីរ ពេទ្យគន្ធបុប្ផាទី៤ មន្ទីរពេទ្យនេះក៏ ត្រូវបានពេញណែនដោយអ្នកជំងឺ ហើយនៅឆ្នាំ២០០៦ ចំនួនអ្នកជំងឺ ដែលមកសំរាកព្យាបាលបានកើន ឡើង៥០%នៅក្នុងទីក្រុងភ្នំពេញ។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧ មន្ទីរពេទ្យគន្ធបុប្ផាទី៥ត្រូវបានសំរេចឲ្យបង្កើតក្រោមការជួយជ្រុុមជ្រែងពីព្រះមហាក្សត្រខ្មែរព្រះនរោត្តមសីហមុនី និងមានប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ជាច្រើនគាំទ្រ  មន្ទីរពេទ្យគន្ធបុប្ផាទី៥បានបំពាក់ដោយឧបករណ៍វេជ្ជសាស្រ្តទំនើបៗ និងចំណាយថវិកាអស់៩លានដុល្លារសហរដ្ឋអាមេរិច។

ខាងក្រោមនេះជាវិបសាយរបស់លោកវេជ្ជបណ្ឌិតដែលបង្ហាញពីមន្ទីរពេទ្យគន្ធបុប្ផា 
វិបសាយ​  http://www.beat-richner.ch/






No comments: